ដំណឹង​ចុង​ក្រោយ

Monday, April 29, 2019

រឿង ផ្កាយមារ ភាគទី ១

ដំណើរផ្សងព្រេង ក្នុងផ្នូរបុរាណ ភាគ ១

ដេ​ន​នី ខ្វាន់ ៖​ អាចារ្យ អេ ពូកែ​តែ​និយាយ​រឿង​អត់​ប្រយោជន៍ ​ស្តាប់​មិន​ដឹង​រឿង​អ្វី​សោះ



ភ្នំពេញ​ ៖​ ក្រោយពេល​ឃ្លី​ប​វី​ឌី​អូ​នៃ​ការ​និយាយ​រិះគន់​របស់​ប្រធាន​វិទ្យុ​ABC​គឺ​អាចារ្យ អេ ទៅលើ​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ ថា ជា​មនុស្ស​ស្រែៗ ​ត្រូវបាន​បែកធ្លាយ​នៅ​លើ​បណ្តា​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្លាមៗ​នោះ​ បាន​ក្លាយ​ជា​រឿង​ដ៏​រំជើបរំជួល​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​ជាមួយ​ពាក្យ​និន្ទា​រិះគន់​យ៉ាង​ច្រើន​ក៏​បាននិងកំពុង​បាញ់ស្រោច​យ៉ាង​ខ្លាំង​ទៅលើ​ក្រុមការងារ​វិទ្យុ​ABC​ជាពិសេស​គឺ​អាចារ្យ អេ រហូត​មានការ​ទាមទារ​ឲ្យ​ចេញមុខ​សុំទោស​លោក ព្រាប សុវត្ថិ ជា​សាធារណៈ​ទៀតផង។

ជា​មួយ​គ្នា​នេះ​ដែរ ​បើ​ងាក​ទៅ​មើល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ស្រី​សិច​ស៊ី​កញ្ញា ដេ​ន​នី ខ្វាន់ ឯ​ណោះ​វិញ​ក៏បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​អាចារ្យ អេ ដែរ​ថា និយាយ​តែ​រឿង​អត់​ប្រយោជន៍​មិន​ដឹង​ទិស​តំបន់​។ មិនតែប៉ុណ្ណោះ​នៅ​សុខៗ​ស្រាប់តែ​រិះគន់​Idol​របស់​នាង​គឺ​លោក ព្រាប សុវត្ថិ ជា​មនុស្ស​ស្រែៗ​ទៅវិញ​។

តារា​សម្តែង​កញ្ញា ដេ​ន​នី ខ្វាន់ បាន​និយាយថា លោក​អាចារ្យ​នេះ​ពូកែ​តែ​និយាយ​រឿង​អត់​ប្រយោជន៍​ស្តាប់​មិន​ដឹង​រឿង​សោះ​ និយាយ​ចុះ​និយាយ​ឡើង​ទៅ​ដៀល​គេ​ថា​ស្រែ​។ ខ្ញុំ​ចង់​ប្រាប់​ថា បើ​ដៀល​អ្នកស្រែ​កុំ​ស៊ី​ស្រូវ​លឺ​អត់​លោក​អាចារ្យ​? លោក​អាចារ្យ​នេះ ​ប្រហែល​គិត​ថា ​ខ្លួន​និយាយ​អី​ក៏​ត្រូវ​ហើយ​មើល​ទៅ​បាន​ប្រឹង​និយាយ​ម្ល៉េះ។

តារា​ស្រី​កញ្ញា ដេ​ន​នី ខ្វាន់ បាន​បន្ថែម​ទៀត​ថា គាត់​ប្រហែល​មិន​បាន​គិត​នោះ​ទេ​ថា​ ការ​ខឹង​គេ​ប្រៀប​ដូច​ជា​ការ​កាន់​រងើក​ភ្លើង​ទៅ​គប់​កណ្តាល​មុខ​គេ​ចឹ​ង តែ​អ្នក​រលាក​មុនគេ​គឺ​គាត់​ហ្នឹងហើយ​។ ខ្ញុំ​អត់​មាន​និយាយ​ច្រើន​ទេ​ មានតែ​ពាក្យ​មួយ​ម៉ាត់​គត់​គឺ​បង ព្រាប សុវត្ថិ ជា​Idol របស់ខ្ញុំ​ក៏ដូចជា​បងប្អូន​ខ្មែរ​មួយ​ចំនួន​ធំ​មិន​ថា​ស្រែ​ ឬ​ ក្រុង​នោះ​ទេ​សុទ្ធតែ​ស្រឡាញ់​និង​គាំទ្រ​គាត់។

សូម​បញ្ជាក់​ផង​ដែរ​ថា ​បន្ទាប់ពី​ផ្ទុះ​ប្រតិកម្ម​រិះគន់​ពី​មហាជន​លើ​ការ​ប្រើ​ពាក្យ​សម្តី​ប្រមាថ​មាក់ងាយ​របស់​អាចា​រ្យ អេ លើ​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ ជា​មនុស្ស​ស្រែៗ​នោះ​ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៧​គេ​សង្កេតឃើញ​ក្រុមការងារ​របស់​វិទ្យុ​មួយ​នេះ​បាន​ចេញមុខ​សរសេរ​សុំទោស​លោក ព្រាប សុវត្ថិ ជា​សាធារណៈ​នៅ​លើ​ផេ​កហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា ឆ្លើយតប​និង​សុំទោស តារាចម្រៀង​គំរូ​បងប្រុស ព្រាប សុវត្ថិ៕

កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា

គង់ ច័ន្ទ​ស្រីមុំ ព្រលះ​មួយ​ទំហឹង​លើ​បុគ្គល​ម្នាក់​ ដែល​តែង​ព្យាយាម​និយាយ​អាក្រក់​ពី​ខ្លួន



ភ្នំពេញ​ ៖ រៀន​មើលឃើញ​ភាព​ល្អ​របស់គេ​ខ្លះទៅ ហើយក៏​កុំ​ភ្លេច​ត្រឡប់​ទៅ​មើល​ទង្វើ​ និង​ភាព​ខ្វះខាត​របស់​ខ្លួន​ឯង​ផង​កុំ​សម្លឹង​មើល​អ្នកដទៃ​ តែ​ក្នុង​ផ្លូវ​អាក្រក់​រហូត​ពេក។ ​ខ្ញុំ​មិនមែនជា​ទេវតា ឬ​គ្រូ​ចិត្តសាស្ត្រ​ ដែល​អាច​មើលឃើញ​ចិត្ត​មនុស្ស​គ្រប់គ្នា​ទេ ​ត្រូវ​ចាំ​ថា​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​គេ​គ្រប់គ្នា​ដែរ មិនមែន​កើតមក​នៅលើ​មេឃ​នោះទេ​។​ នេះ​ជា​ស​ម្តី​លើកឡើង​របស់​តារា​សម្តែង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ដែល​បាន​បញ្ចេញ​ប្រតិកម្ម​លើ​បុគ្គល​ដែល​ព្យាយាម​និយាយ​អាក្រក់​ពី​ខ្លួន​។​

តារា​សម្តែង​ និង​​ជា​ថៅកែ​ស្រី​វ័យក្មេង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​និយាយទៀតថា ​ខ្ញុំ​ពីមុន​យ៉ាងម៉េច​ពេលនេះ​ក៏​នៅតែ​ចឹ​ង​កុំ​ប្រាប់​អ្នកដទៃ​ថា​ ខ្ញុំ​មិន​ដូច​ពីមុន​ ឬក៏​ខ្ញុំ​ប្លែក​អ្នក​គួរតែ​ស្គាល់​ខ្ញុំ​ច្បាស់​ហើយ​។​ធ្វើជា​មនុស្ស​ត្រូវ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ ហ៊ាន​ទទួលយក​នូវ​ការរិះគន់​ដើម្បី​ស្ថាបនា និង​កែប្រែ​វា​មិនមែន​អង្គុយ​គិត​ថា​ខ្លួនឯង​ជា​លេខ​មួយ​ ហើយ​បិទ​ចិត្ត​មិន​ទទួលយក​អ្វី​គ្រប់យ៉ាង​ពី​អ្នក​ជុំវិញ​ខ្លួន​នោះ​ទេ​ ប៉ះ​មិនបាន​បើ​ហ៊ាន​តែ​និយាយ​គឺ​ខឹង​ និង​អន់ចិត្ត​។​

ជាមួយគ្នានេះ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បានបញ្ជាក់​បន្ថែមថា ការ​ទ្រាំ​របស់​មនុស្ស​គឺ​មាន​ព្រំដែន ខ្ញុំ​តែងតែ​ផ្តល់​ឱកាស​ឲ្យ​អ្នក​គ្រប់ពេល​លួង​អ្នក​គ្រប់​ពេល​ តែ​អ្នក​មិន​ចេះ​ថែរក្សា​វា​ ហើយ​បែរជា​មើលទៅ​គេ​ក្នុង​ផ្លូវ​មិនល្អ​ទៅវិញ​។​ខ្ ញុំ​និយាយ​អ្វី​អ្នក​លែង​បាន​ហើយ​មានតែ​ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​ចាត់ចែងទេ​​ ​(​ដល់ពេល​ហើយ​មើល​ទៅ​)😔​ ដល់ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ស្រឡាញ់​គ្រួសារ និង​ប្តី​ឲ្យបាន​ច្រើន​វិញ​ម្តង។​

សូមបញ្ជាក់ថា ​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ដែល​បង្ហាញ​ពី​អារម្មណ៍​ខឹង​ខ្លាំងៗ​លើ​មនុស្ស​ដែល​រមិល​គុណ​នាង​។ ប៉ុន្តែ​យ៉ាងណាមិញ​មិនត្រូវ​បាន​តារា​ស្រី​រូបនេះ​បញ្ជាក់ប្រាប់​ពី​ឈ្មោះ​បុគ្គល​នោះ​ជាន​រណា​ម្នាក់​ឡើយ​ តែបើ​តាមរយៈ​ការ​ស្តាប់​ពាក្យសម្តី​លើកឡើង​ពី​សំណាក់​តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ខាងលើនេះ​ មាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​សន្និដ្ឋាន​ថា​មនុស្ស​ដែល​កំពុង​ធ្វើ​ឲ្យ ស្រីមុំ ខឹង​នោះ​ អាច​ជា​មនុស្ស​ស្និទ្ធស្នាល​ និង​ធ្លាប់​រស់នៅ​មាន​ទំនាក់ទំនង​ក្នុង​រង្វង់​ការងារ​រកស៊ី​របស់​នាង​ ឬ​អាចជា​មនុស្ស​ធ្លាប់​ធ្វើ​ការងារ​ឲ្យ​នាង​ទៀត​ផង៕

កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា​

បវរកញ្ញា​បារាំង Iris Mittenaere ក្លាយជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ​



​និស្សិត​ទន្តពេទ្យ​បារាំង Iris Mittenaere បាន​យកឈ្នះ​បវរកញ្ញា​១២​រូប​ផ្សេង​ដើម្បី​គ្រង​ដំណែង​ជើងឯក​បវរកញ្ញា​ចក្រ​វា​ឡ (Miss Universe) នា​ការប្រកួត​នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែមករា នេះ​។​

Iris Matternaere អាយុ​២៣​ឆ្នាំ បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រ​វា​ទ្ប បន្ត​ពី បវរកញ្ញា​ហ្វីលីពីន Pia Wurtzbach​។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Mittenaere ដែល​មកពី​ភាគ​ខាងជើង​ប្រទេស​បារាំង បាន​យកឈ្នះ​គូប្រជែង​ចុងក្រោយ​២​រូប គឺ​បវរកញ្ញា​ហៃ​ទី Raquel Pelissier និង​បវរកញ្ញា​កូ​ឡុំ​ប៊ី Andrea Tovar​។​

​បវរកញ្ញា​១០​រូប​ផ្សេងទៀត​ដែល​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ មាន​បវរកញ្ញា​កេ​ន​យ៉ា (Mary Esther Wre) ហ្វីលីពីន (Maxine Medina) ថៃ (Chalita Suansane) កាណាដា (Siera Bearchell) ម៉ិ​ក​ស៊ិ​ក (Kristal Silva) សហរដ្ឋអាមេរិក (Deshauna Barber) ប្រេ​ស៊ី​ល (Raissa Santana) ឥណ្ឌូនេស៊ី (Kezia Warouw) ប៉ា​ណា​ម៉ា (Keity Drennan) និង​ប៉េ​រូ (Valeria Piazza)​។​

​ជាមួយគ្នានេះ បវ​កញ្ញា​មី​យ៉ាន់​ម៉ា Htet Htet Htun ឈ្នះ​ពានរង្វាន់ Best National Costume៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

តារា​សម្ដែង​ដ៏​ល្បី​របស់​​ថៃ លោក Tou Sedthawut តួ​ឯក​​ក្នុង​រឿង «School Tales» មក​ជួប​​អ្នក​គាំ​ទ្រ​​​នៅ​កម្ពុជា



(ភ្នំពេញ)៖ តារាសម្ដែងដ៏ល្បី របស់​ព្រះរាជាណាចក្រថៃ គឺលោក Tou Sedthawut ( តួ សិត្ថាវុធ) នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្កាត់មកជួបអ្នកគាំទ្រ របស់ខ្លួន ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនភាពស្និទ្ធស្នាល ក៏ដូចជា​ផ្សព្វផ្សាយរឿងថ្មី​របស់ខ្លួន មានចំណងជើងថា «School Tales ឬនិទាន​រឿង​ខ្មោច» នៅរោងភាពយន្ត Legend សាខា​ទួលគោក។

ក្នុងឱកាសនៃការមកដល់នៅថ្ងៃនេះ គេសង្កេតឃើញមានអ្នកគាំទ្រ របស់ប្រទេសកម្ពុជា ជាច្រើននាក់បានមកចូលរួមអបអរសាទរ ចំពោះវត្តមានរបស់​តារាសម្ដែង លោក Tou Sedthawut យ៉ាងសប្បាយរីករាយ និងពោរពេញដោយភាពកក់ក្ដៅ។ ក្នុងនោះក៏មានការថតរូប​អនុស្សាវរីយ៍ ជាមួយនឹងតារា ក្នុងដួងចិត្តរបស់ពួកគេ ផងដែរ។ ​

ក្នុងជំនួបជា​មួយអ្នក​គាំទ្រ លោក Tou Sedthawut លើក​ថ្លែង​ថា​ លោក​ពិត​ជាមានក្ដីសប្បាយ​រីករាយ យ៉ាងខ្លាំង ​ពេល​បាន​មក​ដល់​ប្រទេស​កម្ពុជា ជាពិសេស​គឺជួបជាមួយអ្នក​គាំទ្រ ដែលពោរពេញ​ដោយស្នាមញញឹម និងផ្ដល់ភាពកក់​ក្ដៅដល់រូបលោក ។ ​នេះ​ជា​លើក​ទី​១​​​ហើយ​ សម្រាប់ការមកកាន់ប្រទេសកម្ពុជា ​​ដើម្បីជួបជាមួយអ្នកគាំទ្រ និងផ្សព្វផ្សាយរឿងថ្មី របស់ខ្លួន។ លោកបន្តថា រូបលោកពិតជាមានកម្លាំងចិត្ត នៅពេលឃើញសន្ទុះ​នៃការគាំទ្ររបស់ខ្លួន នៅក្រៅប្រទេស មានការកើនឡើង គួរឲ្យកត់សម្គាល់ ហើយលោកនឹងខិតខំ​រិះរកអ្វី ដែលថ្មី និងប្លែកសម្រាប់អ្នកគាំទ្រ មិនឲ្យខកបំណងឡើយ។

ដោយឡែក​តំណាងរោងភាពយន្ត Legend បានឲ្យដឹងថា ថ្ងៃនេះ ក្រុមការងារពិតជាសប្បាយរីករាយ ដោយបានឃើញទស្សនិកជន ក៏ដូចជា Fan របស់រោងភាពយន្ត បានមកយ៉ាងច្រើនកុះករ ពេលដឹងថា តារាក្នុងដួងចិត្តរបស់ពួកគេ មកជួបផ្ទាល់នៅទីនេះ។ រោងភាពយន្ត Legend នឹងនៅតែបន្តគាំទ្ររាល់ស្នាដៃភាពយន្តនានា ជាពិសេសគឺភាពយន្តខ្មែរ ដើម្បីលើកកម្ពស់ភាពយន្តរបស់យើង ឲ្យកាន់តែល្អប្រសើរឡើង។

យ៉ាងណាមិញ​ភាពយន្ត រឿង «School Tales ឬនិទាន​រឿង​ខ្មោច» ត្រូវបានរោងភាពយន្តមើលឃើញថា មានសន្ទុះនៃការគាំទ្រច្រើន ទើបសហការគ្នាជាមួយ Sabay MVP អញ្ជើញតួឯកប្រុសក្នុងរឿងនេះ គឺលោក Tou Sedthawut មកជួបអ្នកគាំទ្រ នៅ​កម្ពុជាតែម្ដង៕

Fresh News

James Jirayu នឹង​មកជួប​ប្រិ​យ​មិ​ត្តិ​កម្ពុជា​ជាថ្មី​ជាមួយ​ការប្រគំ​តន្ត្រី​ដ៏​ធំ​មិន​ធ្លាប់មាន​



ភ្នំពេញ: កំពូល​តារា​សម្តែង​ដ៏​ល្បី​នៃ​ប្រទេស​ថៃ​លោក​James Jirayu នឹងធ្វើ​ដំណើរ​មកកាន់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​លើក​ទី​ពីរ​ដើម្បី​មកជួប​ជាមួយ​ប្រិយមិត្ត និង​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ​ខាងមុខ​នេះហើយ​។​

ដំណើរ​មកដល់​របស់​តារា​សម្តែង​ថៃ​ដ៏​ល្បី James Ji លើក​នេះ នឹងមាន​ការប្រគំ​តន្ត្រី​ដ៏​ធំ និង​ដំបូង​គេ​ដែលមាន​ឈ្មោះថា James Ji 2017 ASEAN Tour Fan Meeting Phnom Penh នៅឯ​សាល​មហោស្រព​កោះ​ពេជ្រ​។

ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​នឹងមាន​ការលក់​សំបុត្រ​នៅ ២ ទីតាំង ដូចជា សណ្ឋាគារ​ភ្នំពេញ និង អគារ LYP Group មហាវិថី​ម៉ៅ សេទុង​។

កាលបរិច្ឆេទ​ចាប់ផ្តើម​ដាក់លក់​សំបុត្រ​ពីថ្ងៃ​ទី ០៨ ខែកុម្ភៈ​តទៅ ក្នុងតម្លៃ ១០ ដូ​ល្លារ​។
​ដោយឡែក​សម្រាប់​សមាជិក​របស់ PNN Privilege Club Card នឹង​ទទួលបាន​ឱកាស និង​តម្លៃ​ពិសេស គឺអាច​កក់​សំបុត្រ​មុន ចាប់ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០៧ ខែកុម្ភៈ ក្នុងតម្លៃ​ត្រឹមតែ ៧​ដូ​ល្លារ​តែប៉ុណ្ណោះ​។ សម្រាប់​អ្នក​ដែល​ចង់​កក់​សំបុត្រ គ្រាន់តែ​ផ្ញើ​លេខ ID PNN Privilege Club Card និង​លេខ​ទូរស័ព្ទ ចូលទៅ​កាន់​គេហទំព័រ Pnn-Tv Cambodia ។

សូម​បញ្ជាក់ដែរថា ការ​មកកាន់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​របស់ James Jirayu លើក​នេះ គឺ​ស្រប​ពេលដែល​ខ្សែភាពយន្ត «​សុភាពបុរស​ភុ​ត​ធិ​ផាត់​» ដែលមាន​លោក​James Jirayu និង​កញ្ញា Bella Ranee ជា​តួអង្គ​ឯក កំពុងតែ​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​។​

ស្ថានីយទូរទស្សន៍​ភី​អិន​អិន នឹង​បន្ត​អញ្ជើញ​តារា​ល្បីៗ​របស់ TV3 និង TVB មក​សម្តែង​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅកាន់​ប្រិយមិត្ត និង​អ្នកគាំទ្រ​រាប់លាន​នាក់​៕

CEN
ដោយ: ក្រុមហ៊ុន

ភរិយា៖ ណូយ វ៉ាន់ណេត ចូលសាងផ្នួសមិនមែនគេចពីបំណុល



ការប្រកាសរបស់​ភរិយា​លោក ណូយ វ៉ាន់ណេត ដែល​អះអាងថា​​​​​​​​ នឹង​រីករាយ​ឲ្យ​​ស្វាមី​​​​​​​សាងផ្នួស​​ដល់​យូរ​ឆ្នាំ ឬ​​​​​​​​​មួយជីវិត បានធ្វើឲ្យមានមន្ទិលយ៉ាងខ្លាំង​​ចំពោះ​មហាជន ខណៈម្ចាស់បទ «សម្រស់បុប្ផាកំពង់ធំ» រូបនេះ ដែល​​ធ្លាប់មានរឿងអាស្រូវ​នឹង​បំណុល​​​​​​​​​​​មួយខ្យល់កាលពីពេលកន្លងទៅ ​ស្រាប់តែ​មក​បួសដោយមិនកំណត់​​​ពេលសឹក។ យ៉ាងណាមិញ ឆ្លើយ​តប​នឹង​​​​បញ្ហា​នេះ ភរិយា​​របស់លោក​បានបដិសេធ​ និង​​ថាការសាងផ្នួសនេះ ​​​មិនមានរយៈពេល​យូរ​ទេ។

​​​ក្នុង​បទសម្ភាស​ន៍ជាមួយ ​​VOD ក្រោយពីស្វាមីខ្លួន​​​​​បាន​កោរ​សក់សាង​​ផ្នួស អ្នកស្រី ​សោម ម៉ានី និយាយ​​ថា​ លោក ណូយ វ៉ាន់ណេត បានសម្រេច​ចិត្ត​បួស​កាលពី​ព្រឹកថ្ងៃទី​​១ខែកុម្ភៈម្សិលមិញ នៅ​វត្ត​គល់ទទឹង​​ ​​​​​​​​ភូមិកោះក្របី (សង្កាត់ច្បារ​អំពៅ​)​​​ ពិតប្រាក​ដមែន។ ប៉ុន្តែ មិនមែន​ដើម្បី​គេច​បំណុល ឬ​​មាន​រឿងអាក្រក់ណា​ ដូចការលើកឡើងរបស់ពលរដ្ឋមួយចំនួននោះទេ។ ​អ្នកស្រីថា ​​លោក ណូយ វ៉ាន់ណេត បួសគឺ​ដើម្បី​លា​បំណន់ ​និងគ្មានជាប់ពាក់ព័ន្ធរឿង​​​​​ខូច​ចិត្ត​​ចាញ់​ល្បែង ឬ​​​​​​មានរឿង​​​​មិនសប្បាយនោះទេ។ ​​

អ្នកស្រី​ថា ​អ្នកស្រី មិនខឹង​នឹង​ការ​លើកឡើង​​ទាំង​ប៉ុន្មាន​​នោះទេ ដោយសារតែ​ភាពជាក់ស្ដែងគឺ​ពេល​​​​​​តារា​​​​​ម្នាក់សម្រេច​ចិត្ត​បួស​​ហើយ​មិនកំណត់​​ថ្ងៃ​សិក ​​​​រមែងតែមាន​​​អ្នកនេះ ​​​​​យល់​ថា ​បណ្ដាល​មកពី​បែបនេះ​ឬ​បែបនោះ ទើប​​​​​​​សម្រេចចិត្ត​​លា​ឈប់​​​​​​​​​ពីការងារ​ប្រចាំ​ថ្ងៃ​របស់ខ្លួន។ ​​អ្នកស្រីថា ​ស្វាមី​​​​​​​​​សម្រេច​ចិត្ត​បួស​​​​​ជា​ថ្នូរ​នឹង​ការ​ជាប់​បំណន់​ជាមួយ​ខ្មោច​ម្ដាយ ដែលលោកបានសន្យា​តាំង​ពី​​​​​ម្ដាយ​ក្មេកអ្នកស្រី​​​នៅមាន​ជីវិត​ម្ល៉េះ ប៉ុន្តែចេះតែ​បាន​លើកពេលមួយឆ្នាំ​​ទៅ​មួយ​ឆ្នាំ ​​​​រហូត​មកទល់​នឹង​​ម្ដាយ​​​​​​​​​របស់​លោក​ទទួល​មរណភាព​​​៧ឆ្នាំទៅ​ហើយ។​​​

អ្នកស្រី ​សោម ម៉ានី បន្តថា​លោក ណូយ វ៉ាន់ណេត​ តែ​ង​មាន​​​​សតិអារម្មណ៍​ក្រោយ​ជាប់​សន្យា ហើយ​ដោយសារមិន​ចង់​​​បន្ត​​​​​​ជាប់មាត់​ជាប់ករ ទើប​សម្រេច​ផ្អាក​​​ចោល​ការងារ​គ្រប់​ផ្នែក មិន​ថា​​​សិល្បៈ និង​បន្ទុកគ្រួសារ​ ហើយ​​​​​​រត់ទៅ​បួស​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​លា​បំណន់។

អ្នកស្រី​​​​និយាយថា​៖ «​គាត់​បួស ​នឹង​គឺ​លា​បំណន់​សុទ្ធ​សាធ អន់​មាន​​​រឿង​បំណុល ឬ​​​​ខូចចិត្ត​​​ខូច​ថ្លើមអីទេ ឬ​ពិបា​ក​ចិត្តអី ​ក៏អត់មានដែរ ​​ហើយ​បើគាត់​មាន​​​បញ្ហា​អីរ​ត់ទៅ​បួស ​គាត់មិ​នអាច​ទៅ​បួស​ចឹង​ទេ ​ហើយាត់បួស​នឹង​តែ​​​១៥​ថ្ងៃ​ហ្នឹង គឺ​​​អត់​លើស​ហ្នឹង​ទេ បើទោះជា​ខ្ញុំថា ​​​បាន​បានលើស​ហ្នឹង ឬ​​បាន​​ដល់​​មួយជីវិត​​​​​​រឹតតែ​ល្អ​ក៏ដោយ​ និយាយ​ទៅ​គាត់​​បួស​​គ្រាន់តែ​ចង់​​លា​មាត់​​ទេ»។

អ្នកស្រី​ថា ​​​​​លោក ណូយ វ៉ាន់ណេត ជា​មេ​គ្រួសារតែ​​​បើ​​លោក​​សម្រេច​ចិត្ត​បួស​យូរ​ឆ្នាំ ឬ​​​មួយជិវិតគឺ​ចំណូល​​គ្រួសារ​អត់​​ប៉ះ​ពាល់​ទេ ​​ដោយសារតែ​​មុន​លោក​បួស គឺ​អ្នកស្រី​បាន​​​រៀបជើង​ព្រួល​​​​​ពាក់ព័ន្ធ​នឹងមុខជំនួញ និង​និរន្តរភាព​នៃ​ប្រាក់ចំណូលរបស់​​គ្រួសារ​រួចហើយ។ អ្នកស្រី​ថា ​ខ្លួន​មាន​​​​​​​​​ហាង​នាំ​ចូល​អាហារ​បំប៉ន​ និង​មាន​ផ្ទះជួល​មួយកន្លែង ​ទើប​​​​​​​​​អវត្តមានរបស់​ ​​​​​​​​លោក ណូយ វ៉ាន់ណេត ​ក្រោយ​ពេល​ចូល​បួស​ មិនជះ​​ឥទ្ធិពលចំពោះ​គ្រួសារ។ ​អ៊ីចឹង​ហើយ ទើបអ្នកស្រី​​បើក​ផ្លូវ​​​ឲ្យ​លោក​បួស​​​លើស​​​១៥​ថ្ងៃ​​​​​​​ ​​​​ឬ​ដល់​​​​មួយជីវិត​​ចង់សឹ​កក៏​​បាន។

អ្នកនាង​និយាយថា៖ ​«​​​បើគាត់​​បួស​​​រហូត ​ក៏អត់​ប៉ះ​ពាល់គ្រួសារ​អីដែរ ព្រោះ​ហាង​​​​លក់​អាហារ​បំប៉ន​ខ្ញុំ និង​កូនមើលខុស​ត្រូវ​បាន​ហើយ​ ព្រោះ​រាល់​ថ្ងៃ​​ចំណូល​គាត់​ច្រៀង​ហ្នឹង​​អត់​សំខាន់ដូច​មុនទេ ចឹង​បាន​​ខ្ញុំថា​បើគាត់ជ្រះថ្លា​នឹង​​​​​​​ការ​បួស​​​​​​​​​​​ហ្នឹង​ គឺ​​ខ្ញុំ​សប្បាយចិត្ត​ ហើយបើគាត់​សឹក​​​១៥ថ្ងៃ​ក្រោយ​ក៏​​​​តាមចិត្ត​គាត់ ​អ្វីៗ​​សម្រេច​លើគាត់!»។

អ្នកស្រី ​សោម ម៉ានី បន្តថា​​​​​រាល់​​ថ្ងៃ​អ្នកស្រី និង​លោក ណូយ វ៉ាន់ណេត មាន​ផ្ទះ​វីឡាមួយ​នៅ​​​ទល់​មុខ​​វត្ត​និរោធ​ជួល​បាន​មួយខែ​​​​៣ពាន់​ដុល្លារ ​អ៊ីចឹង​ហើយទើប​អ្នកស្រី​បញ្ជាក់ថា​​​​​​​ការងារ​ហ្នឹង​គឺ​លោក​សម្រេច​យ៉ាង​ម៉េច គ្រួសារ​​​​សប្បាយចិត្ត។ ​​យ៉ាងណាមិញ​​ អ្នកស្រី​ថា​លោក​ ណូយ វ៉ាន់ណេត ​អត់បួស​​លើ​កំណត់​នោះទេ ​ដោយ​លោក​បាន​ប្រាប់​​​​​​អ្នកស្រី​ថានឹង​​បួស​តែ​​​​១​៥ថ្ងៃ ឬ​​​​​​២​សប្ដាហ៍ ដោយ​រាប់ពី​ថ្ងៃ​ទី​​១ខែកុម្ភៈ​​​នឹង​សឹកវិញ ​​ដើម្បីបន្ត​ការងារ​​ទាំង​សិល្បៈ និង​ការងារ​​​គ្រប់គ្រង​កូនចៅ​​ដូច​ដើម។ ​​​

អ្នកស្រី​និយាយថា៖ ​​«​​ខ្ញុំនិ​ង​កូន​ៗឲ្យ​គាត់​បួស​តាមចិត្ត តែ​គាត់​​និយាយ​ហើយ​ថា​ ​​គាត់បួស​តែ​​​​​​​​២​អាទិត្យទេ ​​​​​ចឹង​​​ខ្ញុំ​ក៏អត់​​បង្ខំចិត្ត​​គាត់​ដែរ!»។ ​

អ្នកស្រី​ថា ​​លោក ណូយ វ៉ាន់ណេត ​មិន​​​​ទទួល​​ទូរសព្ទ​​អំឡុង​ពេល​បួស ​ដោយ​​​​អ្នកស្រី​​ក៏​នឹង​ជម្រាប​​​​​​​ស្វាមីតែ​កិច្ច​ការណា​ដែលត្រូវ​ជម្រាប​រាល់ការ​ខល​ចូល ​ដើម្បីកុំឲ្យ​​​​លោក​​​គិត​ច្រើន។

អ្នកស្រីថា​​៖ «​​​​​​​​​​លោក (ព្រះ​សង្ឃ) អត់មាន​ហាម​​គាត់​​មិនឲ្យកាន់ទូរសព្ទ​ទេ តែ​គាត់​​​​​ចង់ស្ងប់ចិត្ត ចឹង​​បើ​រឿង​​​ណា​​​​ខ្ញុំដោះស្រាយ​បានខ្ញុំដោះស្រាយ ​ហើយ​បើ​រឿង​ណា​​​​​ទាល់តែ​គាត់ ចាំ​​គាត់​សឹកបាន​អោយដឹង!»។

អ្នកស្រី​ថា ក្នុងថ្ងៃ​​លោក ណូយ វ៉ាន់ណេត បួស​លា​បំណន់ ​​កូន​ប្រុសទី​២​របស់ខ្លួន​​ឈ្មោះ ​ណេត ​វណ្ណនាថ ​​​​​​​អាយុជាង​២០ឆ្នាំ ​​ក៏​​បាន​​បួស​​​​​​​​ដែរ ដោយ​ស្វាមី និង​កូនប្រុស​​នឹង​​​​​​សឹក​ទន្ទឹមគ្នា​នៅ​​​​​​​​​​​​​​​​​​​គម្រប់​​​​​១៥​ថ្ងៃ​​​​​​​​​​​​​​​​​​​​​​ បើទោះជា​​លោក ណូយ វ៉ាន់ណេត អាច​​នឹង​មានការ​ប្រែ​ប្រួល​​​បើ​​លោក​សប្បាយចិត្ត​ហើយចង់បួស​​ត​​​​លើសពី​ថ្ងៃកំណត់​​៕

VOD
ដោយ លោក វង្ស សុម៉ាលីន

អ៊ី​ណូ ព្រលះ​មួយ​ទំហឹង​លើ​គ្រូពេទ្យ​ម្នា​ក់ នៅ​មន្ទី​ពេទ្យ​កុមារ​ជាតិ​ ដែល​ប្រើ​សម្តី​ឈ្លើយ​



​ភ្នំពេញ​ ៖​ តារាចម្រៀង​ចូលចិត្ត​លេង​ស្តាយល៍ ​សក់​ខុសប្លែក​ពី​តារា​ដទៃ​ប្រចាំ​ផលិតកម្ម​សាន់​ដេ ​លោក អ៊ី​ណូ ថ្មីៗ​នេះ​ បានចេញ​វីដេអូ​ព្រលះ​យ៉ាង​ម៉ា​ចាស់ដៃ​លើ​ក្រុម​គ្រួ​ពេទ្យ​ប្រចាំការ​នៅ​មន្ទី​ពេទ្យ​កុមារ​ជាតិ​ ដែល​ប្រើពាក្យ​សម្តី​ហាក់​មើលងាយ​អ្នកជំងឺ ​ពិសេស​ខ្លួន​លោក​ផ្ទាល់​តែម្តង​។​

​តាមរយៈ​ឃ្លី​ប​វីដេអូ​បង្ហោះ​ភ្ជាប់​ជាមួយ​ការ​សរសេរថា ​ខ្ញុំបាទ Eno មានរឿង​មួយ​មិន​សប្បាយចិត្ត សូម​ផ្ញើ​ឃ្លី​ប​នេះ​ទៅ គ្រូពេទ្យ​មួយចំនួន​។​ នេះ​ជា​លើកទីមួយ​ដែល Eno បាន​ជួប​ ហួសចិត្ត​មន្ទី​ពេទ្យ​កុមារ​ជាតិ ។​ ខ្ញុំ​មិន​សប្បាយចិត្ត​ជាខ្លាំង​ ធ្លាប់តែ​ឃើញ​គេបង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​អំពី​រឿង​ច​រិ​តរ​បស់​គ្រូពេទ្យ ​ដែល​មិនសូវ​យកចិត្តទុកដាក់​ជាមួយ​អ្នកជំងឺ​ឬ​ក្រុមគ្រួសារ​អ្នកជំងឺ​។​

​តារាចម្រៀង​លោក អ៊ី​ណូ បាន​បន្តទៀតថា ខ្ញុំ​ក៏​ជា​តារាចម្រៀង​ម្នាក់​ដែល​ចូលចិត្ត​ធ្វើ​ការងារ​មនុស្សធម៌​ និង​ច្រៀងរៃ​អង្គាស​ជួ​យ​ដល់​មន្ទី​ពេទ្យ​គន្ធបុប្ផា​ និង​ការងារ​សង្គម​ផ្សេងៗ​ដូចគ្នា​។​ ប៉ុន្តែ​ពេលនេះ​អត់​សប្បាយចិត្ត​គ្រាន់តែ​យក​ក្មួយបង្កើត​ខ្លួនឯង​ចូលទៅ​មន្ទី​ពេទ្យ​កុមារ​ជាតិ​ពាក់​ម៉ាស់​ពាក់មួក​ ហើយ​ប្អូនស្រី​ខ្ញុំ​ទាញ​កៅអី​មក​អង្គុយ​ជិត​ គ្រូពេទ្យ​ដើម្បី​ប្រឹក្សា ​យោបល់​។​ ប៉ុន្តែ​មាន​គ្រូពេទ្យ​ម្នាក់ទៀត ​ស្រាប់តែ​ស្តីបន្ទោស​ឲ្យ​ប្អូនស្រី​ខ្ញុំ​ថា​គ្មាន​សិទ្ធិយក​កៅអី​នេះ​មក​អង្គុយ​ទេ​។​

​លោក អ៊ី​ណូ បាន​និយាយទៀតថា គ្រូពេទ្យ​ម្នាក់​នោះបាន​និយាយថា​ យក​កៅអី​ពី​កន្លែង​ណា​ត្រូវ​ដាក់ចូល​កន្លែង​នោះ​វិញ ​ព្រោះ​ពេល​អង្គុយ​រួច​គ្មាន​ន​ណា​រៀបចំ​នោះឡើយ​។ ហេតុអ្វី​បានជា​គ្រូពេទ្យ​ម្នាក់នេះ​គ្មាន​ក្រម​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​ចឹ​ង​?​ ពេល​ឮសម្តី​ពេទ្យ​បែបនេះ​ ធ្វើ​ឲ្យ​ខ្ញុំ​បែរជា​ស្រឡាំងកាំង ​នឹក​ហួសចិត្ត​តែម្តង​។​

​តារាចម្រៀង​ប្រុស​បាន​បន្ថែមថា បើតាម​ខ្ញុំ​គឺ​គ្រូពេទ្យ​ម្នាក់​នោះ​ឈ្លើយ​តែម្តង​ខ្ញុំ​ហ៊ាន​និយាយថា ឈ្លើយ​ហើយក៏​មិន​ធ្លាប់បាន​ជួប​ចឹ​ង​ដែរ​ តែ​ដល់ពេល​បាន​ជួប​រឿង​បែបនេះ​ហួយ​ចិត្ត​ហ្មង​។​មិនតែប៉ុណ្ណោះ​ថែម​ទាំង​ដេញ​ខ្ញុំ​ចេញពី​បន្ទប់​ថា ពាក់មួក​ពាក់​ម៉ាស់​ចឹ​ង​ចេញពី​ពេទ្យ​លឿន​ឡើងដល់​ពេល ឮ​បែបនេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​ស្រក់​ទឹកភ្នែក​៕

កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា

ឈិត សុវណ្ណ​បញ្ញា ​​​​ប្រកាសមិន​​ចូលទ្រនំថ្មីក្រោយ​​ចេញ​ពីហង្សមាស

តារា​​ចម្រៀង​កញ្ញា ​ឈិត សុវណ្ណបញ្ញា (វង្ស សុម៉ាលីន)

ក្រោយ​​​ប្រកាស​ជា​ចំហ​ថា​​​​​​​ពិត​ជា​មានរឿង​​ឆ្អែតចិត្ត​នឹ​ង​ទ្រនំ​ហង្ស​មាស​រហូត​សម្រេច​ចិត្ត​​ចាកចេញ តារា​​ចម្រៀង​កញ្ញា ​ឈិត សុវណ្ណបញ្ញា ​បានអះអាងថា​ មិនមាន​គម្រោង​​​ហក់​ចូល​ផលិតកម្ម​​ណាមួយ​ជាថ្មី​នោះទេ បើទោះជា ​លោក អ៊ិន ទីតូ ដែល​​​​​​ធ្លាប់ជ្រោមជ្រែង​កញ្ញា​នៅ​ហង្សមាស​​បាន​​ចូល​​ផលិតកម្មថោន​ ដែល​​​អ្នកតាម​ដាន​យល់​ថា​កញ្ញា​នឹង​​អាច​លេខ​មុខ​​​នៅ​ក្នុង​ផលិតកម្ម​ថោន​​​។

កញ្ញាថា​ជំហរ​​ក្រោយ​​​ចោល​ហង្សមាស គឺ​​​​​​​បង្កើត​ក្រុម​ចម្រៀង​ឯករាជ្យ ដោយ​​​​​​​​​បានទាំង​​ចាត់ទុកថា​​​​ការ​​​សម្រេច​ចិត្ត​​ជ្រក​ជាថ្មី​​​​ក្រោម​ស្លាប​ផលិតកម្ម​ណាមួយ​ ​នឹង​មាន​​លទ្ធផល​​មិនខុស​គ្នា​​នឹង​​​​​​​រយៈ​ពេលចុង​ក្រោយ​នៅ​​ផលិតកម្ម​​ហង្សមាស​នោះ​ផង​។

​ឈិត សុវណ្ណបញ្ញា បានអះអាងថា​​​ដោយសារតែ​មាន​សតិអារម្មណ៍​​​ជាមួយ​​ទ្រនំ​​​​​របស់ខ្លួន ទើបកញ្ញា​​បាន​ដាក់​ពាក្យ​សុំឈប់ ​​ដោយ​​មុន​​ប្រកាស​នៅ​​លើ​ហ្វេសប៊ុក​កញ្ញាថា ខ្លួន​បាន​​ទទួល​លិខិត​យល់​ព្រម​​ពី​​ខាង​ហង្សមាស​​​​​តាមពាក្យ​សុំ​ឈប់​នោះ​ផង​។

កញ្ញាថា​​​ខ្លួន​ដាច់​កុងត្រា​ជាមួយ​ហង្សមាស​យូរក្រែលមកហើយ ប៉ុន្តែ​​ដរាប​ណា​​មិន​​​មានឯកភាព​​អោយ​កញ្ញា​លា​ឈប់ ​​កញ្ញាក៏​មិនអាចធ្វើអី​​​​ក្នុង​ន័យ​ប៉ះ​ពាល់​​ផលិតកម្ម​ហង្សមាស​បានដែរ ជា​ពិសេសចំពោះការ​ផុស​ដែល​​​​​​ស្ដែង​ពី​ការ​ចាកចេញ​​ក្នុង​ពេល​​​​​​​ផលិតកម្ម​ហង្សមាស​​មិនទាន់​​​​យល់​ព្រម។

​កញ្ញា​និយាយថា​៖ «​ខ្ញុំ​ដាក់លិខិត​សុំឈប់រួច​ហើយ ​ហើយ​ខាង​ហង្សមាស​ក៏​​​យល់ព្រម​ដែរ បាន​ខ្ញុំ​ហ៊ាន​និយាយថា​​​​ខ្ញុំ​ឈប់​ពីហង្សមាស​ហ្នឹង​!»។

​រយៈពេល​​​១១​ឆ្នាំ​​​នៅក្នុងផលិតកម្ម​ហង្ស​មាស​​ កញ្ញា​ថា​មាន​រឿង​​គ្រប់​គ្រាន់ទើបកញ្ញា​​​​​​​​​​​​​​​សម្រេច​ចិត្ត​លា​ឈប់និងថា​បើ​ទោះជា​​​ហង្សមាស​​​​​ចង់ឃាត់​ក៏​​មិនទទួលយក។ ​​​​កញ្ញា​លើកឧទាហរណ៍សាមញ្ញមួយថា​ ធៀប​នឹងតារា​ចម្រៀង​ដែល​ចូល​ហង្សមាស​​មុននិង​ចូលក្រោយ សុទ្ធតែមាន​​​​​​​​​វ៉ុលចម្រៀង​​ម្នាក់ឯង (Solo Album) តែកញ្ញា​មិនធ្លាប់​នោះទេ ដោយយល់​ថា​​​​បណ្ដាលមកពី​​កញ្ញា​មិន​​​​សមត្ថភាព​តាមការ​ចង់បាន​របស់​ហង្សមាស ទើប​ហង្សមាស​​​​​​​​​​មិន​​​​​​លើកស្ទួយ​កញ្ញា​ទាំងកញ្ញា​​​​​​​​ប្រឹ​ង​ប្រែង​​​ច្រើនមក​ហើយ។

កញ្ញាថា​​អត់ធ្មត់យូរណាស់មុន​ពេល​សម្រេច​ចិត្ត​​​​លា​ឈប់ ​ហើយ​ក្រោយ​​ហង្សមាស​​​​​​​​​​​​​​យល់​ព្រមអោយកញ្ញា​លាឈប់​ គឺកញ្ញា​​​​​​​​​​យល់​ថា​នោះជា​ជម្រើស​​​​ដ៏ល្អ។

យ៉ាងណាក៏ដោ​យ កញ្ញា​​​​ថា​​​​​​​​​មិនភ្លេច​នូវការ​ជ្រោមជ្រែង​របស់​ហង្សមាស​នា​ពេល​​​កន្លង​មកនោះទេ​ ​​​បើទោះជា​​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ ​​​​​​អារម្មណ៍​ខកចិត្ត​​បាន​កើតមានឡើងធ្វើអោយ​កញ្ញាមិនអាច​ទទួល​យក។

​ឈិត សុវណ្ណបញ្ញា ប្រកាសថា​​អត់មាន​​គម្រោង​ពិចារណា​​​​​​​​​​​ហក់​ចូល​ផលិតកម្ម​​​​​ថោនឬ​សាន់ដេ​​នោះទេ ​បើទោះជា​​​ឱកាស​របស់​កញ្ញានឹង​អាច​ចូលប្រឡូកអាជីព​​ចម្រៀងជាតារា​កុងត្រា​​ក្នុង​ផលិតកម្ម​មួយ​​​ចំណោម​ផលិតកម្ម​ទាំង​ពីរ​​​​​​ដោយមិន​ពិបាក។

កញ្ញា​​​ថា​មិន​ចង់​​ស្ថិត​ក្រោមសម្ពាធ​របស់​​ផលិតកម្មណាមួយទៀត​ទេ បន្ទាប់ពី​ការ​ហក់ចូល​​ផលិតកម្ម​ហង្សមាស​​​រយៈ​ពេល​១១​ឆ្នាំ​ធ្វើអោយ​កញ្ញាយល់ថា​គ្រប់គ្រាន់​។

កញ្ញានិយាយថា​​៖ «​​​​​​​​ឥលូវ​ហ្នឹង​​ខ្ញុំ​អត់ទាន់គិតអីចេញទេ តែ​​​តាម​មើល​ខ្ញុំ​​អត់ចូល​ផលិតកម្មណា​ទេ ​​​​​​​ចង់នៅ​ឯករា​ជ្យ​ខ្លួនឯង​វិញ អត់​ចង់​ចូល​ខាង​នេះ​ខាងនោះអីទេ​!»។

​ឈិត សុវណ្ណ​បញ្ញា​​ មិនមែនជា​តារា​​​​ទី១​ដែល​បាន​សុំឈប់ពី​ហង្សមាស​នោះទេ ដោយសារតែ​ពេល​កន្លង​មក ក៏មាន​តារា​ច្រើន​នាក់​​មក​ហើយ​​​ដើរ​ចេញ​ដូចជា​លោក អេនឌី និង​​តារាចម្រៀង ​​គឹម លក្ខិណា​ ជា​ដើម។ តែ​កញ្ញាត្រូវបានគេ​ចាត់ទុកថា​ជា​តារា​​​ដំបូង​គេ ដែល​ហ៊ាន​ដាក់ពាក្យ​ចាកចេញ​ក្នុង​ពេល​ហង្សមាស​បើកយុទ្ធនាការប្រមែ​ប្រមូល​តារា​​ចម្រៀង​ច្រើន​​​ឡើង ពីកម្មវិធី​ប្រលង​ចម្រៀង​​​​​​របស់ខ្លួន​​​​អោយក្លាយជាតារា​ចម្រៀង​ជំនួស​​​សកម្មភាព​តារា​ចម្រៀង​​ចាស់​ៗ​​​ ដែលធ្វើ​អោយតារា​​​​​ទាំង​នោះ​​​អន់ចិត្ត។

ជម្រើស​ដើរ​ចេញ​របស់កញ្ញា​ក៏​ជះ​ឥទ្ធិព​​​​ល​ដល់មុខ​មាត់របស់​ហង្ស​មាស​ផងដែរ ​​ក្នុង​ពេល​ដែល​​​ក្រៅពីកញ្ញាក៏​​​លេចឮថា​​តារា​​​​ចម្រៀង​មួយចំនួនទៀតដូចជា​ ​កញ្ញា សុន ស្រីពេជ្រ ​និង​​​​ យក់ ឋិត​រដ្ឋា ​ក៏​​​ប្រកាស​ចង់លា​ឈប់​ដែរ ​តែ​​​​​មិនទាន់​​ដាក់ពាក្យ​នោះ។

​យ៉ាង​ណាមិញ ​​លោក​ អ៊ឹង សុខ​លី ​មន្ត្រី​ហង្សមាសធ្លាប់​អះអាងថា នោះជា​ការសម្រេច​ចិត្ត​របស់​តារា​ចម្រៀង​ម្នាក់ៗ ដោយ​ការ​លា​ឈប់​របស់​តារា​ម្នាក់​ៗ​​​​មិន​ប៉ះពាល់​ដល់​​​​ហង្សមាស​នោះទេ។

ឈិត សុវណ្ណ​បញ្ញា ​​​​​បានអះអាងថា​​​​​​ខ្លួនមិនចង់​និយាយ​ពី​រឿង​អន់ចិត្ត​មុនពេល​​​​ដើរ​ចេញ​ពី​ហង្សមាស​នោះ​ទេ ដោយ​កញ្ញា​បញ្ជាក់ថា​​អាច​​បណ្ដាល​មកពី​កញ្ញាមិនមាន​​​​​សមត្ថភាព​គ្រប់គ្រាន់​​​​ ទើបការ​ចាកចេញ​ជា​ជម្រើស​​ល្អ​បំផុតសម្រាប់​កញ្ញានៅហង្សមាស​។

កញ្ញាបាន​ប្រកាស​​ថា​នៅតែ​បន្ត​​​​​​សកម្មភាព​ក្នុង​នាមជា​តារា​​ចម្រៀង​ ថ្វីដ្បិតថា​កញ្ញាមិន​ចូល​ផលិតកម្ម​ណាមួយ​ក្រោយពេល​​ចាក​ចេញ​ពី​ហង្សមាស​។

កញ្ញា​បញ្ជាក់​ដដែលជា​ដដែល​ថា ​​​ផលិតកម្ម​ថោនឬសាន់ដេ ​​មិន​មែនជាជម្រើស​ដែល​កញ្ញាត្រូវតែចូល​នោះទេដោយសារតែ​ក្នុង​ផលិតម្ម​នោះ​​ក៏មានតារា​ចម្រៀងច្រើន​នាក់ដែល​​ពិបាកអោយ​កញ្ញា​គេ​ចរួច​ពី​ការ​អន់ចិត្តមិនខុសគ្នានឹង​នៅ​ផលិតកម្មចាស់​។

​យ៉ាងណាមិញ កញ្ញាថា​​​​​អះអាងថា​ខ្លួនមាន​​​​​​​គម្រោងច្បាស់លាស់​រួចហើយ​​​ពាក់ព័ន្ធ​ជំហាន​បន្ត​ ដោយគ្រាន់តែ​កញ្ញា​មិនទាន់​ចង់​បង្ហើប៕

VOD
ដោយ លោក វង្ស សុម៉ាលីន

អ៊ិត ស្រី​ពី​ន ទ្រាំ​ពុំបាន​ចេញមុខ​ជេរ​កប់ៗ​ ចំពោះ​មនុស្ស​ស្រី ​ដែល​ចូលចិត្ត​ដណ្ដើម​ប្ដី​គេ



ភ្នំពេញ​ ៖ ​អតីត​តារា​ចម្រៀង​ស្រី​ធ្លាប់​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ​ អ្នកនាង​អ៊ិត ស្រី​ពី​ន ​ថ្មីៗ​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ខឹងសម្បា​​យ៉ាង​ខ្លាំងៗ ​ក្រោយពី​ប៉ុន្មាន​ថ្ងៃនេះ​មានតែ​ព័ត៌មាន​ដណ្ដើម​យក​ប្តី​គេ​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​ថត​វីដេអូ​ឌឺដង​ថ្លែផ្កា​ប្រពន្ធដើម​របស់​គេ​ទៀត។

អ្នកនាង អ៊ិត ស្រី​ពី​ន បាន​និយាយ​ទាំង​កំហឹង​ថា ចង់​ជេរ​ពួក​មី​យក​ប្តី​គេ​ម្តង។ ប៉ុន្មាន​ថ្ងៃនេះ​ឲ្យ​បើក​ហ្វេ​ស​ប៊ុ​ក​ពេលណា ​ឃើញតែ​រឿង​យក​ប្តី​គេ​ ហើយ​មី​ម្នាក់ទៀត​នោះ​មាន​ប្តី​ហើយ​ ឆ្លៀត​មាន​សាហាយ​ដល់​ទៅ​២​នាក់​ទៀត​ អី​សម្បូរ​ម្ល៉េះ​ឥឡូវនេះ​។​ ទ្រាំ​មិន​បានទេ​ថ្ងៃនេះ​ចេញ​វីដេអូ​ជេរ​ម្តង​មើល​ដើម្បី​ពួក​មី​ស្រី​យកប្តី​គេ​បានឃើញ។

អ្នកនាង អ៊ិត ស្រី​ពី​ន បាន​និយាយ​ទៀត​ថា​ សម្បើម​ដៃ​ខ្លាំង​ ដែល​នាង​មិន​ត្រឹមតែ​យក​ប្តី​គេ​ទេ​ ថែមទាំង​ថត​វីដេអូ​បង្ហោះ​ឌឺ​ដឹង​គេ​ទៀត ​អី​ក៏​ខ្លាំង​ដៃ​ម៉្លេះ​។​ ស្រឡាញ់​ណាស់​ពួក​មី​យកប្តី​គេ​តើ​វា​ឆ្ងាញ់​ត្រង់ណា​​ ​បានជា​ចូលចិត្ត​របស់​គេ​ម៉្លេះ​?​ឬមួយ​ក៏​ទឹក​លុយ​ដល់ ​ទើបបានជា​សុខចិត្ត​យកប្តី​គេ​​អញ្ចឹង?​យី​ពួក​មី​ប្រេត​នរក​អស់នេះ។

អតីត​តារា​ច្រៀង​ដែល​បច្ចុប្បន្ន​កំពុង​រួម​រស់​សាង​សុភមង្គល​ជាមួយ​ស្វាមី​នៅ​សហរដ្ឋអាមេរិក​អ្នកនាង អ៊ិត ស្រី​ពី​ន បាន​លើកឡើង​ទៀត​ថា នេះ​មកពី​ខ្ញុំ​ទ្រាំ​មិនបាន ​ទើប​ចេញ​វីដេអូ​ជេរ​យ៉ាង​ដូច្នេះ​ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ ​ឲ្យ​បើ​ហ្វេ​ស​ប៊ុ​ក​ ពេលណា​ ឃើញ​រឿង​ដូច្នេះ ​ហើយ​ខ្ញុំ​ក៏​មិនដែល​ដើរ​ជេរ​នរណា​គ្មាន​ហេតុផល​នោះដែរ​ តែ​នេះ​ទ្រាំ​មិនបាន​ទើប​ចឹ​ង​។​ ថាបើ​ស៊ី​របស់គេ​ក៏​ស៊ី​ទៅ ​តែ​ឲ្យ​វា​ស្ងាត់​ តែ​នេះ​អត់​ផង​ពួក​មី​ប្រាស់​ស្រុក​អស់នេះ​ ត្រូវ​ថា​ឈ្មោះ​ឲ្យ​វា​មី​​ច្រវាក់​ផែ​។​

សូម​បញ្ជាក់​ថា​ នេះ​មិនមែន​តែ​​អតីត​តារា​ចម្រៀង​អ្នកនាង អ៊ិត ស្រី​ពី​ន ម្នាក់​នោះ​ទេ​ ដែល​បានចេញ​មុខ​ប្រតិកម្ម​ជេរ​លើ​ករណី​ខាង​លើនេះ​ ពោល​សូម្បីតែ​តារា​សម្តែង​ និង​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ Pey Pey Dy មុន​នេះ​ ក៏បាន​ចេញ​ឃ្លី​ប​វីដេអូ​ប្រតិកម្ម​ជេរ​យ៉ាង​ចាស់ដៃ​លើ​មនុស្ស​ស្រី​ដែល​ដណ្តើម​ប្តី​របស់​អ្នកដទៃ​ផងដែរ៕

កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា​

រូបថត Beyonce ដែល​ពរ​ពោះ​ទទួល​បានការ Like ជាង​៩​លាន​នៅ Instagram



​រូបថត​ពរ​ពោះ​កូន​ទី​ពីរ​របស់​តារាចម្រៀង Beyonce នៅលើ​បណ្តាញ​សង្គម Instagram ទទួលបាន​បេះដូង (​ការ​Like) ជា​កំណត់ត្រា​។ ពោល​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ រូបថត​នេះ មានការ​ចុច Like រហូតដល់​ទៅជា​ង​៩​លាន​ឯណោះ​។​

​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ តារាចម្រៀង​លំដាប់​ពិភពលោក Beyonce បាន​បង្ហោះ​រូបថត​ខ្លួន​ពរ​ពោះ​ជាមួយ​ស្វាមី គឺ Jay Z ដែលជា​អ្នកចម្រៀង​រ៉េ​ប និង​ជា​អ្នកជំនួញ ដោយ​អះអាង​ជា​កូនភ្លោះ បន្ទាប់ពី​កូនស្រី​អាយុ​៥​ឆ្នាំ Blue Ivy Carter​។ រូបថត​នេះ មានការ​ផ្តល់​សញ្ញា​បេះដូង​រហូតដល់​ទៅ​ជាង​៩​លាន ដោយ​គិត​ត្រឹម​ថ្ងៃទី​៣ ខែកុម្ភៈ​។​

​ចំនួន​នៃ​ការ​ចុច Like លើ​រូបថត Beyonce លើ Instagram បាន​បំបែក​កំណត់ត្រា​រូបថត​របស់​តារាចម្រៀង Selena Gomez ។ រូបថត​ផឹក​កូកាកូឡា​របស់ Gomez ដែល​បង្ហោះ​កាលពី​៣១​សប្តាហ៍​មុន មានការ​ចុច Like ជាង​៦​លាន​៕



ថ្មី​ៗ
អត្ថបទ : ធីតា

Sunday, February 5, 2017

លោក សម រង្ស៊ី ​ថា លោក ហ៊ុន សែន ព្យាយាម​រំលាយ​បក្ស​​ប្រឆាំង​ព្រោះ​ដឹង​ថា​ចាញ់

លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​រំលាយ​បក្ស​​ប្រឆាំង​ព្រោះ​ដឹង​ថា​ចាញ់

មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​ប្រឆាំង​របស់​លោក ដោយសារ​តែ​បក្ស​កាន់​អំណាច​មិន​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

នៅ​ក្នុង​កិច្ច​ប្រជុំ​សម័យ​ដែល​មាន​តែ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ចូល​រួម​កាល​ពី​ថ្ងៃទី​៣១ ខែ​មករា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​លោក សម រង្ស៊ី និង​ជំរុញ​ទៅ​រដ្ឋ​សភា ឲ្យ​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​រាំង​ខ្ទប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ព្រមាន​នេះ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​រៀបរាប់​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

លោក​បន្ត​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​ដឹង​ថា មិន​អាច​ឈ្នះ​បក្ស​នេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​បាត់​បង់​អាសន្ន​ចំនួន ២២ ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការបោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

VOD
ដោយ លោក សូរ្យ ជ័យឧត្ដម

តុលាការ​មិន​ទាន់​មាន​វិធានការ​ឃាត់​ខ្លួន​អតីត​ប៉ូលិស​ស្រុក​ស្អាង​៣​នាក់​នៅ​ឡើយ





តុលាការ​ខេត្ត​កណ្ដាល មិន​ទាន់​មាន​វិធានការ​ដើម្បី​ឃាត់​ខ្លួន​អតីត​មន្ត្រី​ប៉ូលិស​ស្រុក​ស្អាង ៣​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​លើ​បុរស​ម្នាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​តុលាការ​បាន​បិទ​បញ្ចប់​ការ​សាកសួរ​សាក្សី​បន្ថែម​រួច​រាល់​ហើយ។ ការ​អះអាង​ពី​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល ស្រប​ពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្រេច​បណ្ដេញ​ប៉ូលិស​ស្រុក​ស្អាង ទាំង ៣​នាក់​នោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ។

សំណុំ​រឿង​មន្ត្រី​ប៉ូលិស​ស្រុក​ស្អាង ៣​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ថា ព្រួត​គ្នា​វាយ​បុរស​ម្នាក់​រហូត​ដល់​ស្លាប់​កាល​ពី​ជាង ៣​ខែ​មុន ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល អះអាង​ថា គឺ​ខាង​តុលាការ​កំពុង​រង់ចាំ​ការ​យល់ព្រម​ចូល​ឆ្លើយ​បំភ្លឺ​ពី​ភាគី​ចុង​ចោទ។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក សំរិទ្ធ វាសនា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ថា តុលាការ​បាន​បញ្ចប់​ការ​សាកសួរ​សាក្សី​បន្ថែម ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​មន្ត្រី​ប៉ូលិស​វាយ​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​ស្អាង នោះ​ហើយ។ លើស​ពី​នេះ តុលាការ​ក៏​ធ្លាប់​ចេញ​ដីកា​ឲ្យ​ចុង​ចោទ​មក​ឆ្លើយ​បំភ្លឺ​ដែរ ប៉ុន្តែ​ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ ស្នើសុំ​លើក​ពេល៖ «ពាក់ព័ន្ធ​នឹង​មូលហេតុ សាកសួរ​មេធាវី​គេ​ទៅ! ខ្ញុំ​ឥត​មាន​ទៅ​លើក​រឿង​មូលហេតុ​គេ​សុំ​ម៉េចៗ ពាក់ព័ន្ធ​សំណុំ​រឿង​ហ្នឹង។ ឥឡូវ​ខ្ញុំ​កំណត់​កាលបរិច្ឆេទ​សិន ហៅ​អ្នក​ទាំង ៣ ចូល​ឡើង​វិញ»។

ពាក់ព័ន្ធ​នឹង​មូលហេតុ​ស្នើសុំ​លើក​ពេល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ លោក ម៉ក់ ប៊ុណ្ណា បាន​ទេ​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ហើយ បាន​ដាច់​ទៅ​វិញ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៦ បុរស​ម្នាក់​ឈ្មោះ ចំរើន សីហា អាយុ ២៦​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រុង​តាខ្មៅ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ ទិត្យ លាភ អាយុ ២២​ឆ្នាំ បាន​រង​របួស​ធ្ងន់ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ៣​នាក់​ព្រួត​គ្នា​វាយ​ដំ ក្រោយ​ពី​មាន​ជម្លោះ​ជិះ​ម៉ូតូ​ជែង​គ្នា ហើយ​ត្រូវ​បាន​នគរបាល​ចោទ​ថា​ជា​ចោរ​ប្លន់។

ប៉ូលិស​ទាំង ៣​នាក់​រួម​មាន អនុសេនីយ៍ទោ ភក្ដី វិទូ អធិការ​រង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង អនុសេនីយ៍ទោ ឆៃ ស៊ីណា នាយ​ផ្នែក​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និង​អនុសេនីយ៍ត្រី ឃាង សុងថេង នាយ​រង​ផ្នែក​ពិនិត្យ និង​វិភាគ​កន្លែង​កើត​ហេតុ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​សម្លាប់​បុរស​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្អាង ធ្លាប់​បញ្ជាក់​ថា ពួក​គេ​បាន​លាក់​មុខ​រហូត និង​មិន​ដែល​ឃើញ​វត្តមាន​នៅ​កន្លែង​បំពេញ​ការងារ​ឡើយ​ចាប់​ពី​ថ្ងៃ​កើត​ហេតុ​មក។

ពាក់ព័ន្ធ​នឹង​មន្ត្រី​ប៉ូលិស​ទាំង ៣​នាក់​នេះ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​ប្រកាស​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ដោយ​មូលហេតុ​បោះបង់​ការងារ​ចោល។ បន្ថែម​ពី​នេះ ប្រាក់​បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​របស់​ពួក​គេ ក៏​ត្រូវ​កាត់​ផ្ដាច់​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កណ្ដាល លោក ម៉ែន មករា បញ្ជាក់​ថា ការ​បណ្ដេញ​មន្ត្រី​ទាំងនោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ គឺ​គ្រាន់​តែ​ជា​ការ​ពិន័យ​តាម​ផ្នែក​រដ្ឋបាល​ប៉ុណ្ណោះ រីឯ​តាម​គោលការណ៍​ច្បាប់​វិញ ប្រសិន​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង មិន​ថា​ជា​មន្ត្រី​រាជការ ឬ​ជា​តំណាងរាស្ត្រ គឺ​ត្រូវ​តែ​ឃាត់​ខ្លួន​ទៅ​ដាក់​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់៖ «ប្រសិន​តុលាការ​យល់​ថា​ជន​ទាំង ៣​នាក់ គឺ​ជា​ជន​ល្មើស អ៊ីចឹង​តុលាការ​នឹង​ធ្វើ​តាម​នីតិវិធី​ច្បាប់ ចេញ​ដីកា​ឃាត់​ខ្លួន​ដើម្បី​ឲ្យ​សមត្ថកិច្ច​មាន​សិទ្ធិ​បំពេញ​ការងារ»។

ការ​ស្វែងរក​ឃាត់​ខ្លួន​មន្ត្រី​ប៉ូលិស​ទាំង ៣​នាក់ ត្រូវ​បាន​ស្នងការ​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បញ្ជាក់​ថា គឺ​ទាល់​តែ​មាន​លិខិត ឬ​ដីកា​ពី​តុលាការ​ជា​មុន​សិន៖ «បើ​តុលាការ​មិន​ទាន់​ចេញ​លិខិត​ឲ្យ​ខ្ញុំ​សព្វគ្រប់​ផង ហើយ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ម៉េច»។

ថ្វីត្បិតតែ​មន្ត្រី​នគរបាល​ទាំង ៣​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ និង​ធ្លាប់​ផ្ដល់​សំណង​ចំនួន ២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ក្ដី ប៉ុន្តែ​នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) លោក​មេធាវី ហុង គឹមសួន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ប្រសិន​តុលាការ​រក​ឃើញ​ថា ប៉ូលិស​ទាំង ៣​នាក់​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សម្លាប់​មនុស្ស​ដោយ​ចេតនា តាម​ផ្លូវ​ច្បាប់ ពួក​គេ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រយៈពេល ៣០​ឆ្នាំ។

អ្នក​ច្បាប់​រូប​នេះ​ក៏​បន្ថែម​ថា ទោស​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ប៉ូលិស​ទាំង ៣​នាក់​នោះ​តាម​ច្បាប់​ព្រហ្មទណ្ឌ ថ្វីត្បិតតែ​មាន​ការ​ទូទាត់​សំណង​ក្ដី ព្រោះ​សំណង​នោះ​គ្រាន់​តែ​ជា​សង​ជា​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ប៉ុណ្ណោះ និង​មិន​អាច​បញ្ចប់​នីតិវិធី​ត្រឹម​លុយ​កាក់​ឡើយ៕

RFA
ដោយ រាជ វិញ្ញូ

ពលរដ្ឋ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​១​ពាន់​គ្រាប់

គ្រាប់​ផ្លោង​ធុន ៦០​មិល្លីម៉ែត្រ និង​គ្រាប់​បែក​ដៃ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន្ត នៃ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ រូបថត​សហគមន៍



អាជ្ញាធរ និង​នគរបាល​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​តាំង​ទី​លំនៅ​ថ្មី ឬ​ត្រួសត្រាយ​ដី​ព្រៃ​ដើម្បី​ធ្វើ​កសិកម្ម ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម។ ការ​ក្រើន​រំឭក​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នេះ បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​គ្រាប់​ជាច្រើន​ប្រភេទ​ជាង ១.០០០​គ្រាប់ នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង ឃុំ​អន្លង់រាប។

អ្នក​ភូមិ​នៃ​ឃុំ​អន្លង់រាប ស្រុក​វាលវែង បារម្ភ​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន ឬ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដោយ​អ្នក​ភូមិ​ខ្លះ​មាន​គ្រោះថ្នាក់ និង​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​មូលដ្ឋាន​ពួក​គេ​ជា​បន្តបន្ទាប់។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង ឃុំ​អន្លង់រាប លោក ធៀប មាស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ថា រូប​លោក និង​ពលរដ្ឋ​ជាច្រើន​ទៀត​នៅ​ស្រុក​វាលវែង ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មិន​ទាន់​ផ្ទុះ​ច្រើន​ជាង​ការ​ប្រឈម​បញ្ហា​ផ្សេង​ទៀត ព្រោះ​អ្នក​ស្រុក​ភាគច្រើន​ចូល​ព្រៃ​ធ្វើ​ស្រែ​ចម្ការ ដើម្បី​ចិញ្ចឹម​ជីវិត។ លោក​កាន់​តែ​ភ័យ​ខ្លាច​ចំពោះ​គ្រាប់​មីន ក្រោយ​ពី​គេ​ប្រទះ​ឃើញ​គ្រាប់​ជាច្រើន​នៅ​ភូមិ​លោក៖ «ប៉ុន្មាន​ថ្ងៃ​មុន​ឮ​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ទៅ​ជីក​គល់​បេង​ម៉េច ប៉ះ​មីន​ផ្ទុះ​ងាប់ តែ​បើ​អត់​ធ្វើ​ទៅ វា​អត់។ ខ្ញុំ​ត្រាយ​ព្រៃ​ធ្វើ​ចម្ការ​ដាំ​ដូចជា​ល្ង និង​ពោត អី។ បើ​គេ​បាន​មក​ធ្វើ​ការ​រាល់​ខែ រាល់​ថ្ងៃ​ទៅ​វា​គង់​តែ​ប្រជាជន​យើង​អាច​ហ៊ាន​ដើរ​អត់​ញញើត»។

ទាក់ទង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​វាលវែង លោក ធាង ឡេង បញ្ជាក់​ថា គ្រាប់​ដែល​បាន​ប្រទះ​ឃើញ​ទាំងនោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ (CMAC) កម្ទេច​ចោល​អស់​ហើយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា។ លោក​ថា ក្នុង​ឆ្នាំ​២០១៦ មាន​ករណី​ផ្ទុះ​មីន ៦​ករណី បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់ និង​របួស​ដាច់​ដៃ​ជើង​ជាច្រើន​នាក់ ជាពិសេស​កើត​ឡើង​នៅ​ឃុំ​អន្លង់រាប៖ «អូ! អា​ហ្នឹង​សម្បូរ​ណាស់​នៅ​ស្រុក​ខ្ញុំ​នេះ នៅ​អន្លង់រាប តំបន់​គ្រាប់​ច្រើន​ជាង​គេ​ហើយ មាន​ដាច់​ដៃ ដាច់​ជើង ងាប់​អ៊ីចឹង​ជា​ញឹកញយ​អ៊ីចឹង​ដែរ។ ខាង​ស៊ីម៉ាក់ និង​ហេឡូត្រាស់ សម្អាត​តែ​រហូត​តើ!»។

គ្រាប់​ដែល​អ្នក​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង នៃ​ឃុំ​អន្លង់រាប ប្រទះ​ឃើញ​នោះ​មាន ៧​ប្រភេទ សរុប​ចំនួន ១.១៥០​គ្រាប់ ដូចជា​គ្រាប់​ប្រភេទ​ត្បាល់ ១២០​មិល្លីម៉ែត្រ និង​គ្រាប់​ប៉ូតែត ភីជី ៧ (PG7) ជាដើម។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ (CMAC) ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ដោះ​មីន​ប្រចាំ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។ ប៉ុន្តែ​ទាំង​អធិការ និង​អភិបាល​ស្រុក​វាលវែង អះអាង​ថា មន្ត្រី​ដោះ​មីន​ស៊ីម៉ាក់ និង​ហេឡូត្រាស់ (HELLOTRUST) កំពុង​ប្រតិបត្តិការ​ដោះ​មីន​នៅ​ឃុំ​ថ្មដា និង​ក្បែរ​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ស្រុក​វាលវែង។

អភិបាល​ស្រុក​វាលវែង លោក ហេង សុភាណា អំពាវនាវ​ឲ្យ​ពលរដ្ឋ ជាពិសេស​កសិករ​បង្កើន​ការ​ប្រុង​ប្រយ័ត​ចំពោះ​បញ្ហា​គ្រាប់​មីន ឬ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ពេល​ចូល​ធ្វើ​ស្រែ​ចម្ការ ឬ​តាំង​ទី​លំនៅ​លើ​ដី​ថ្មី៖ «មុន​នឹង​អាស្រ័យ​ផល ឬ​ដាំ​ដុះ​អី​ហ្នឹង​ធ្វើ​ម៉េច​ទាក់ទង​ខាង​មន្ត្រី​ជំនាញ​ទៅ​រក​មីន មាន​ទាំង​ស៊ីម៉ាក់ ឬ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​រុក​រក​មីន​ឲ្យ​មក​ជួយ ដើម្បី​ធ្វើ​ម៉េច​បង​ប្អូន​យើង​អាច​អាស្រ័យ​ផល​ទៅ​មាន​សុវត្ថិភាព»។

ទឹក​ដី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជាប់​ព្រំប្រទល់​ស្រុក​សំឡូត ខេត្ត​បាត់ដំបង គឺ​ជា​សមរភូមិ​ក្ដៅ​ចុង​ក្រោយ​របស់​ទាហាន​ខ្មែរ​ក្រហម តស៊ូ​ប្រយុទ្ធ​ជាមួយ​ទាហាន​របស់​រដ្ឋាភិបាល​នៅ​ចុង​ឆ្នាំ​១៩៩៨៕

RFA
ដោយ ជិន ជេដ្ឋា

ព័ត៌មាន​សំខាន់​ៗ

DEVOpenBlogger

រឿង​ភាគ

Khmer Talking

រស្មី​ហង្ស​មាស