
លោកប្រធានាធិបតី ជាប់ឆ្នោតថ្មីអាមេរិក ដូណាល់ ត្រាំ បានតែងតែកូនប្រសារបស់ខ្លួន ឈ្មោះ Jared Kushner អោយធ្វើជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់នៅសេតវិមាន។
Jared Kushner អាយុ ៣៥ឆ្នាំ នឹងទទួលរ៉ាប់រងធ្វើកិច្ចការសំខាន់ៗ នៅសេតវិមាន រួមមានទាំងធ្វើកិច្ចការគោលនយោបាយការបរទេស និងផ្ទៃក្នុងរបស់អាមេរិក។
ការតែងតាំងកូនប្រសារបស់ខ្លួន អោយកាន់តំណែងដ៍ធំនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា ដែលនឹងផុតអាណត្តិនៅថ្ងៃទី ២០ មករា ខាងមុខ បានណែនាំអោយលោក ដូណាល់ ត្រាំ កុំអោយប៉ុនប៉ងយកសេតវិមាន ធ្វើជាកន្លែងដែល គ្រប់គ្រងជំនួញគ្រួសារ។
Jared Kushner ដែលជាស្វាមីរបស់ Ivanka Trump បានដើរតួយ៉ាងសំខាន់ ក្នុងយុទ្ធនាការបោះឆ្នោតកន្លងទៅ ដែលធ្វើអោយឪពុកក្មេករបស់ខ្លួនឈ្នះការបោះឆ្នោត ប្រធានាធិបតី។
ក្រោយពីមានការតែងតាំងនេះ គណបក្សប្រជាធិបតេយ្យ បានស្នើអោយលោក ដូណាល់ ត្រាំ ពិចារណាឡើងវិញអំពីការដាក់កូនប្រសារបស់ខ្លួន អោយកាន់តំណែងសំខាន់ នៅក្នុងសេតវិមាន ព្រោះវាជាអំពើបក្សពួកនិយម ហើយប្រឆាំងនឹងច្បាប់។
ប៉ុន្តែក្រុមសមាជិករបស់ លោក ដូណាល់ ត្រាំ បានបដិសេធចំពោះការលើកឡើងរបស់ បក្សប្រជាធិបតេយ្យ ហើយនិយាយថា ច្បាប់ដែលហាមឃាត់មិនអោយមន្ត្រី ផ្តល់ការងារដល់សាច់ញាតិ មិនត្រូវគេអនុវត្តន៍នៅសេតវិមាននោះទេ៕
CEN

No comments:
Post a Comment